សម្តេចនាយករដ្ឋមន្ត្រីលើកទឹកចិត្តឱ្យបុគ្គលិកសុខាភិបាលប្រកាន់ខ្ជាប់ក្រមសីលធម៌ និងវិជ្ជាជីវៈបម្រើសេវាជូនប្រជាពលរដ្ឋ
សៀមរាប - សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកទឹកចិត្ត និងណែនាំដល់គ្រូពេទ្យ ព្រមទាំងបុគ្គលិកសុខាភិបាល ត្រូវរក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈគ្រប់ពេលវេលា ដើម្បីបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋដោយភាពស្មោះត្រង់ ។ សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍នៅពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ "អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់" ស្ថិតក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានតម្លៃជិត ២០លានដុល្លារអាម៉េរិក ជាជំនួយរបស់ជប៉ុន នាព្រឹកថ្ងៃសៅរ៍នេះ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់ថា ៖ “គ្រូពេទ្យ បុគ្គលិកសុខាភិបាល ត្រូវរក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូរដោយប្រកាន់ខ្ជាប់គ្រប់ពេលវេលានូវក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋដោយភាពស្មោះត្រង់, សុចរិតភាព និងប្រកបដោយសមធម៌ ជាពិសេសត្រូវធានាថា គ្មានអ្នកជំងឺណាម្នាក់ត្រូវបានរើសអើង និងបដិសេធការទទួលបានសេវាថែទាំព្យាបាល ដោយសារស្ថានភាពសង្គម-សេដ្ឋកិច្ចរបស់បុគ្គល ឬគ្រួសារ, ទំនៀមទម្លាប់, សាសនា និន្នាការ នយោបាយឡើយ”។
សូមជម្រាបដែរថា នាឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល ត្រូវបន្តខិតខំប្រឹងប្រែងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពនៃសេវាថែទាំសុខភាព សំដៅបង្កើនអត្ថ ប្រយោជន៍សុខភាពរបស់អ្នកជំងឺ តាមរយៈការផ្តល់សេវាថែទាំសុខភាពគ្រប់ជ្រុងជ្រោយ ។
ការផ្តល់សេវាថែទាំសុខភាពគ្រប់ជ្រុងជ្រោយ រួមមាន សេវាអប់រំលើកកម្ពស់សុខភាព, សេវាបង្ការ, សេវាវិភាគរោគវិនិច្ឆ័យ, ព្យាបាល និងថែទាំ, ការតាមដានវាយតម្លៃគុណភាពសេវា ដោយរាប់បញ្ចូលទាំងអភិបាលកិច្ចគ្លីនិក និងការដាក់ចេញវិធានការកែលម្អគុណភាពសេវាជាប្រចាំ, ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ប្រកបដោយនវានុវត្តន៍ និងការបំពាក់បំប៉នចំណេះដឹង និងជំនាញដល់គ្រូពេទ្យ និងបុគ្គលិកសុខាភិបាល ដើម្បីបង្កើនគុណភាពសេវាឱ្យដល់ស្ដង់ដារខ្ពស់ឆ្លើយតបទៅនឹងការរំពឹងទុករបស់ប្រជាពលរដ្ឋ ៕