ឯកឧត្តមវេជ្ជបណ្ឌិត សយ អុឹង ៖ ប្រព័ន្ធស្បៀងចាំបាច់ត្រូវគិតដល់ខ្សែច្រវាក់ផ្គត់ផ្គង់ស្បៀង បរិស្ថានស្បៀង និងឥរិយាបថអ្នកប្រើប្រាស់ស្បៀង

ថ្ងៃសៅរ៍ ទី២១ ខែឧសភា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 539
1

កោះកុង ឯកឧត្តមវេជ្ជបណ្ឌិត សយ អុឹង  ប្រធាននាយកដ្ឋានសន្តិសុខស្បៀង អាហារូបត្ថម្ភ និងសុខាភិបាល នៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ មានប្រសាសន៍ថា ប្រព័ន្ធស្បៀងមានសមាសធាតុចម្បងៗចំនួនបីសំខាន់ៗ រួមមាន ខ្សែច្រវាក់ផ្គត់ផ្គង់ស្បៀង បរិស្ថានស្បៀង និងឥរិយាបថរបស់អ្នកប្រើប្រាស់ស្បៀង ។ ទន្ទឹមគ្នានេះ យុវជនជាតួអង្គដែលដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ព្រមទាំងលើកកម្ពស់ការអប់រំអាហារូបត្ថម្ភនៅក្នុងសង្គម ។

 

ឯកឧត្តមវេជ្ជបណ្ឌិត សយ អុឹង មានប្រសាសន៍បញ្ជាក់លម្អិតដល់ក្រុមយុវជនជើងឯកអាហារូបត្ថម្ភទាំង​ ​៣០នាក់ ដែលបានចូលរួមកម្មវិធីបោះជំរុំយុវជនជើងឯកអាហារូបត្ថម្ភលើកទី២ នៅសហគន៍អេកូទេសចរណ៍ឆាយអារ៉ែង នាព្រឹកថ្ងៃអាទិត្យនេះថា ប្រព័ន្ធស្បៀងមានសមាសធាតុចម្បងៗចំនួនបីសំខាន់ៗ រួមមាន ៖

 

  1. ខ្សែច្រវាក់ផ្គត់ផ្គង់ស្បៀង៖ ផ្តោតលើសកម្មភាពនិងតួអង្គពាក់ព័ន្ធដែលនាំស្បៀងចាប់ពីដំណាក់កាលផលិតកម្ម រហូតដល់ដំណាក់កាលបរិភោគ និងដំណាក់ការចោលសំណល់ម្ហូបអាហារ រួមមាន៖ ការផលិត ការស្តុកទុក ការកែច្នៃ ការវិចខ្ចប់ ការចែកចាយ ការលក់ដូរ ការផ្សព្វផ្សាយរកទីផ្សារនិងការរៀបចំម្ហូបអាហារបរិភោគជាដើម។
  2. បរិស្ថានស្បៀង ចំណុចនេះសំដៅលើបរិការណ៌រូបវ័ន្ត សេដ្ឋកិច្ច នយោបាយ សង្គម និងវប្បធម៌ ដែលក្នុងនោះអ្នកប្រើប្រាស់ស្បៀង ចូលរួមក្នុងប្រព័ន្ធស្បៀង ដើម្បីធ្វើការសម្រេចចិត្តអំពីរបៀបទទួលបានស្បៀងអាហារ របៀបរៀបចំស្បៀងអាហារ និងរបៀបបរិភោគម្ហូបអាហារ។ 
  3. ឥរិយាបថរបស់អ្នកប្រើប្រាស់ ៖ ឆ្លុះបញ្ចាំងរាល់ជម្រើសនិងការសម្រេចចិត្តទាំងអស់ ដែលធ្វើឡើងដោយអ្នកប្រើប្រាស់ ដូចជា ជម្រើសក្នុងការសម្រេចចិត្តអំពីស្បៀងដែលត្រូវទទួលបាន រក្សាទុក រៀបចំ ចម្អិន និងបរិភោគ និងអំពីការបែងចែកស្បៀងនៅក្នុងគ្រួសារ ជាដើម។

 

ស្របគ្នានេះ ឯកឧត្តមវេជ្ជបណ្ឌិត សយ អុឹង បានបន្តឱ្យដឹងទៀតថា ប្រសិនបើនិយាយដល់ប្រព័ន្ធស្បៀង ត្រូវនិយាយដល់ប្រព័ន្ធស្បៀងប្រកបដោយចីរភាព។ ប្រព័ន្ធស្បៀងប្រកបដោយចីរភាព គឺជាប្រព័ន្ធស្បៀងដែលផ្តល់នូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់មនុស្សគ្រប់រូបតាមបែបផែននៃសេដ្ឋកិច្ច សង្គម និងបរិស្ថាន ដើម្បីបង្កើតសន្តិសុខស្បៀងនិងអាហារូបត្ថម្ភសម្រាប់មនុស្សជំនាន់ក្រោយ ដោយមិនមានគ្រោះថ្នាក់អ្វីទាំងអស់។ 

 

ប្រព័ន្ធស្បៀងប្រកបដោយចីរភាពមានបីចំណុចដែលយុវជនត្រូវដឹងគឺប្រព័ន្ធស្បៀងមានចីរភាពសេដ្ឋកិច្ច (គឺជាប្រព័ន្ធស្បៀង មានចំណេញ) ។ ប្រព័ន្ធស្បៀងមានចីរភាពសង្គម (គឺជាប្រព័ន្ធស្បៀង នាំមកនូវផលប្រយោជន៍ដល់សង្គម) និងប្រព័ន្ធស្បៀងមានចីរភាពបរិស្ថាន  (មានឥទ្ធិពលវិជ្ជមានឬមិនប៉ះពាល់ដល់បរិស្ថានធម្មជាតិ)

 

សូមជម្រាបថា សកម្មភាពបោះជំរុំយុវជនជើងឯកអាហារូបត្ថម្ភលើកទី២ បានរៀបចំឡើងនៅសហគន៍អេកូទេសចរណ៍ឆាយអារ៉ែង (រៃអារ៉ែង) ស្ថិតនៅភូមិព្រែកស្វាយ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង ចាប់ពីថ្ងៃទី២០-២២ ខែឧសភា ។ កម្មវិធីរៀបចំដោយអង្គការហេទ្បែន ខេលល័រអន្តរជាតិកម្ពុជា និងគម្រោង MUSEFO នៃអង្គការ GIZ សហការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងអភិវឌ្ឍន៍ជនបទ និងកម្មវិធីជាតិអាហារូបត្ថម្ភ ៕ 

 

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន