លោកស្រីវេជ្ជបណ្ឌិត ជា ម៉ារី ៖ ការបំបៅកូនដោយទឹកដោះម្តាយនិងផ្តល់អាហារូបត្ថម្ភបានត្រឹមត្រូវដល់កុមារជាការអភិវឌ្ឍមូលធនមនុស្ស

ថ្ងៃពុធ ទី២៥ ខែឧសភា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 576
1

កោះកុង - លោកស្រីវេជ្ជបណ្ឌិត ជា ម៉ារី អ្នកឯកទេសអាហារូបត្ថម្ភនៃកម្មវិធីជាតិអាហារូបត្ថម្ភ ក្រសួងសុខាភិបាល មានប្រសាសន៍ថា ការបំបៅកូនដោយទឹកដោះម្តាយ និងការផ្តល់អាហារូបត្ថម្ភត្រឹមត្រូវដល់កុមារតាមការណែនាំពីសុខាភិបាល ជាការអភិវឌ្ឍមូលធនមនុស្សឱ្យកាន់តែប្រសើរនៅក្នុងសង្គម ។ លោកស្រីវេជ្ជបណ្ឌិតមានប្រសាសន៍នៅក្នុងដំណើរបោះជំរុំយុវជនជើងឯកអាហារូបត្ថម្ភលើកទី២ នៅតំបន់ទេសចរណ៍ធម្មជាតិអារ៉ែង ស្រុកថ្មបាំង ខេត្តកោះកុង កាលពីថ្ងៃអាទិត្យកន្លងទៅ ។ 

 

 

លោកស្រីវេជ្ជបណ្ឌិត ជា ម៉ារី មានប្រសាសន៍បញ្ជាក់ថា ស្ត្រីត្រូវយកចិត្តទុកដាក់ទៅលើសុខភាពផ្ទាល់ខ្លួនឱ្យបានល្អនៅក្នុងដំណាក់កាលមុនពេលមានផ្ទៃពោះ ក្នុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាល ។ ទន្ទឹមគ្នានេះស្ត្រីជាម្តាយបន្ទាប់ពីសម្រាលរួច ត្រូវ បំបៅកូនដោយទឹកដោះម្តាយភ្លាមៗ បំបៅកូនឱ្យបានពេញលេញរហូតដល់រយៈពេល ០៦ខែ និងបន្តបំបៅកូនដោយទឹកដោះម្តាយរហូតដល់កូនមានអាយុពីរឆ្នាំ ដោយមានបន្ថែមអាហារូបត្ថម្ភផ្សេងៗដែលជួយដល់ការលូតលាស់របស់កុមារ ។

 

លោកស្រីវេជ្ជបណ្ឌិត ជា ម៉ារី ៖បំបៅទឹកដោះម្តាយនេះសំខាន់ណាស់សម្រាប់កុមារ នៅពេលកូនចូលរៀនថ្នាក់មត្តេយ្យសិក្សា កុមារតូចត្រូវការអាហារូបត្ថម្ភបន្ថែមទៀត គឺត្រូវរៀបចំរបបអាហារសុខភាពសម្រាប់ពួកគេ ដែលជាអាហារសារជាតិចិញ្ចឹមគ្រប់គ្រាន់ជួយដល់ការលូតលាស់រាងកាយ និងប្រាជ្ញាស្មារតីរបស់កុមារ

 

ឆ្លើយនឹងសំណួរថា តើនរណាជាតួអង្គលើកកម្ពស់អាហារូបត្ថម្ភសម្រាប់កុមារ ? លោកស្រីវេជ្ជបណ្ឌិតបានបញ្ជាក់ថា គ្រប់គ្នាមានភារកិច្ចលើកកម្ពស់អាហារូបត្ថម្ភដល់កុមារ ។ ទន្ទឹមគ្នានេះ ចំណេះដឹងអាហារូបត្ថម្ភត្រូវចាប់ផ្តើមផ្តល់ទៅកាន់អ្នកម្តាយគ្រប់រូបតាមរយៈការផ្តល់ព័ត៌មានពីមណ្ឌលសុខភាពរាល់ពេលដែលស្ត្រីជាម្តាយ ឬស្រី្តមានផ្ទៃពោះមករកសេវា ដែលព័ត៌មានទាំងនោះត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខភិបាល ។ 

 

ការបំបៅកូនដោយទឹកដោះម្តាយ និងការផ្តល់អាហារូបត្ថម្ភត្រឹមត្រូវដល់កុមារតាមការណែនាំពីសុខាភិបាល ជាការអភិវឌ្ឍមូលធនមនុស្សឱ្យកាន់តែប្រសើរនៅក្នុងសង្គម មានន័យថា ជាធនធានមនុស្សខ្លាំងមានសមត្ថភាពសម្រាប់សង្គមជាតិ។ នេះជាការបញ្ជាក់បន្ថែមរបស់លោកស្រីវេជ្ជបណ្ឌិត ជា ម៉ារី អ្នកឯកទេសអាហារូបត្ថម្ភនៃកម្មវិធីជាតិអាហារូបត្ថម្ភ ក្រសួងសុខាភិបាល ។

 

សូមជម្រាបថា កាលពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែឧសភាកន្លងទៅ លោកស្រីវេជ្ជបណ្ឌិត ជា ម៉ារី អ្នកឯកទេសអាហារូបត្ថម្ភនៃកម្មវិធីជាតិអាហារូបត្ថម្ភ ក្រសួងសុខាភិបាល បានចូលរួមជាវាគ្មិននិងជាកម្មាគណៈកម្មការដាក់ពិន្ទុលើការធ្វើម្ហូបចម្អិនដោយក្រុមយុវជនជើងឯកអាហារូបត្ថម្ភ រួមមាន សម្លរកកូរ សម្លរម្ជូរស្រែ និងឆាបន្លែចម្រុះមុខ រៀបចំដោយអង្គការហេឡឡែន ខេលល័រ អន្តរជាតិកម្ពុជា (HKI) គាំទ្រដោយគម្រោង MUSEFO នៃអង្គការ GIZ ។ កម្មវិធីនេះបានប្រព្រឹត្តទៅនៅតំបន់ទេសចរណ៍ធម្មជាតិអារ៉ែង ស្រុកថ្មបាំង ខេត្តកោះកុង មានយុវជនចូលរួមចំនួន ៣០មកពីសាកលវិទ្យាល័យនិងវិទ្យាស្ថាននានា ៕ 

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន