សន្និសីទកំពូល COP27 ព្យាយាមរកដំណោះស្រាយកិច្ចព្រមព្រៀងការប្រែប្រួលអាកាសធាតុទីក្រុងប៉ារីស

ថ្ងៃច័ន្ទ ទី០៧ ខែវិច្ឆិកា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 346
1

 

អេហ្ស៊ីប - សន្និសីទកំពូលស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០២២ ហៅកាត់ថា សន្និសីទ UNFCCC COP27 លើកទី២៧ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៨ ខែវិច្ឆិកា នៅទីក្រុង Sharm El Sheikh ប្រទេសអេហ្ស៊ីប ។ កិច្ចពិភាក្សានៃសន្និសីទកំពូលនៅពេលនេះ ផ្តោតសំខាន់ទៅលើការអនុវត្តន៍សន្ធិសញ្ញា អន្តរជាតិស្តី ពី ការ ប្រែប្រួល អាកាសធាតុទីក្រុង ប៉ារីស ដោយក្រុមប្រទេសអភិវឌ្ឍន៍ត្រូវផ្តល់សំណងដល់ក្រុមប្រទេសកំពុងអភិវឌ្ឍន៍។

 

ថ្លែងបើកសន្និសីទកំពូល COP27 (27th Conference of the Parties) ចំពោះប្រមុខរដ្ឋ និងតំណាងប្រទេសចំនួនជាង ១៩០ លោក Sameh Shoukry រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប បាននិយាយថា កិច្ចព្រមព្រៀង​អន្តរជាតិ ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុទីក្រុង​ប៉ារីស បានតម្រូវឱ្យប្រទេសជាសមាជិកចូលរួមអនុវត្តគោលនយោបាយកាត់បន្ថយការកើនឡើងសីតុណ្ហភាពសកល និងសម្របខ្លួនទៅនឹងផលប៉ះពាល់ដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ។ តាមរយៈកិច្ចប្រជុំពីគ្រប់ភាគី លោក Sameh Shoukry រំពឹងថា បញ្ហាការប្រែប្រួលអាកាសធាតុមិនមែនជាបន្ទុករបស់ប្រទេសណាមួយនោះទេ ពោលគឺជាបញ្ហារួម តម្រូវឱ្យទទួលខុសត្រូវរួមគ្នា ។ 

 

 

ទន្ទឹមគ្នានេះដែរ លោក Simon Stiell អ្នកទទួលបន្ទុក​កិច្ចការអាកាសធាតុរបស់អង្គការសហ​ប្រជាជាតិ មានប្រសាសន៍ថា វិបត្តិទាំងអស់សុទ្ធតែជារឿងចាំបាច់ត្រូវដោះស្រាយ ក៏ប៉ុន្តែគ្មានវិបត្តិណាដែលមាន​ផល​វិបាកធ្ងន់ធ្ងរដូចវិបត្តិអាកាធាតុឡើយ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ពិភពលោកជួបបញ្ហាជាច្រើនបង្កឡើងដោយគ្រោះហន្តរាយធម្មជាតិ ដូចជា គ្រោះទឹកជំនន់ ខ្យល់ព្យុះ គ្រោះរាំងស្ងួត ភ្លើងឆេះព្រៃ និងសីតុណ្ហភាពក្តៅ​ខ្លាំង​ជាដើម។ លោកជឿជាក់ថា ភាគីពាក់ព័ន្ធទាំងអស់នឹងពិភាក្សាគ្នារកដំណោះស្រាយរួមគ្នាចំពោះបញ្ហាការប្រែប្រួលអាកាសធាតុ ។

 

 

សូមជម្រាបថា នៅក្នុងសន្ធិសញ្ញា​អន្តរជាតិស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ ទីក្រុង​ប៉ារីស (ចុះហត្ថលេខានៅក្នុងខែធ្នូ ឆ្នាំ២០១៥ និងចូលជាផ្លូវការនៅខែវិច្ឆិការ ឆ្នាំ២០១៦) បានចែងថា ប្រទេសអង្គការ​សហប្រជាជាតិទាំងអស់មានតួនាទី​អនុវត្តវិធានការ​រួមចំណែក​កាត់​បន្ថយ​ឧស្ម័នពុល​នៅ​ក្នុង​បរិយាកាស​សម្រាប់​ចន្លោះ​ឆ្នំា២០២៥ - ២០៣០ ដោយធ្វើយ៉ាងណាកុំឱ្យកម្តៅ​នៅ​ក្នុង​ភពផែនដី​កើន​លើស​ពី ២អង្សារ ។ ប្រសិនបើកម្តៅកើនឡើងតាមរយៈឧស្ម័នផ្ទះកញ្ចក់ នោះនឹងបង្ក​​ផលវិបាក​យ៉ាង​ធ្ងន់ធ្ងរ​សម្រាប់​ភពផែនដី​ទំាង​មូល ។

 

យ៉ាងណាមិញ កិច្ចប្រជុំកំពូលចាប់ពីថ្ងៃទី០៦ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៨ ខែវិច្ឆិកា នៅពុំទាន់ដឹងលទ្ធផលយ៉ាងណានោះទេ ប៉ុន្តែកន្លងទៅគេកត់សម្គាល់ថា ប្រទេសសមាជិកអង្គការ​សហប្រជាជាតិធំៗមួយចំនួនហាក់ពុំទាន់ស្រុះគំនិតគ្នាលើកិច្ចការងារនេះទាំងស្រុងឡើយ ។ គួរបញ្ជាក់ថា សម្រាប់លទ្ធផលប្រសិនបើប្រទេសសមាជិកទាំងអស់ (ប្រទេសអភិវឌ្ឍន៍ធំៗ) ស្រុះស្រួលគំនិតគ្នាទប់ស្កាត់ការកើនឡើងកម្តៅជាសកល នោះជាសញ្ញាជោគជ័យមួយនៃការអនុវត្តន៍សន្ធិសញ្ញា​អន្តរជាតិស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុទីក្រុង​ប៉ារីស ៕

 

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន