សមាគមធនាគារនៅកម្ពុជា ៖ អ្នកសារព័ត៌មានជាដៃគូមិនអាចខ្វះបាននៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ

ថ្ងៃអង្គារ៍ ទី០៩ ខែសីហា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 407
1

ភ្នំពេញ នៅចំពោះវត្តមានអ្នកចូលរួមជាង ១០០នាក់នៃកម្មវិធីប្រកាសជ័យលាភីអ្នកសារព័ត៌មានឆ្នើមប្រកួតប្រជែងអត្ថបទស្តីពីបទ ការចូលរួមចំណែករបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងការលើកស្ទួយជីវភាពប្រជាជនកម្ពុជា កាលពីរសៀលថ្ងៃសុក្រ ទី០៥ ខែសីហាកន្លងទៅ លោក រ័ត្ន សោភ័ណ អនុប្រធានសមាគមធនាគារនៅកម្ពុជា (ABC) បានលើកឡើងថា អ្នកសារព័ត៌មានគឺជាដៃគូមិនអាចខ្វះបាននៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដើម្បីចែករំលែកព័ត៌មាននិងចំណេះដឹងហិរញ្ញវត្ថុទៅកាន់ប្រជាជន។ 

 

 

លោក រ័ត្ន សោភ័ណ អនុប្រធានសមាគមធនាគារនៅកម្ពុជា មានប្រសាសន៍ថា អ្នកសារព័ត៌មានជាដៃគូដែលមិនអាចខ្វះបាន ហើយលោកសង្ឃឹមថា វិស័យធនាគារ និងហិរញ្ញវត្ថុ និងវិស័យសារព័ត៌មាន នឹងបង្កើនកិច្ចសហប្រតិបត្តិការគ្នាកាន់តែប្រសើរឡើងបន្ថែមទៀត ដើម្បីចូលរួមចំណែកផ្សព្វផ្សាយ ព្រមទាំងបង្កើតមាតិកាព័ត៌មានឱ្យបានច្រើនស្តីពីតថភាពនៃវិស័យធនាគារ និងហិរញ្ញវត្ថុ ដើម្បីជាប្រយោជន៍ដល់សាធារណជន។

 

លោក រ័ត្ន សោភ័ណ មានប្រសាសន៍បញ្ជាក់ថា ៖ “អ្នកសារព័ត៌មានជាដៃគូដែលមិនអាចខ្វះបាន ពីព្រោះតាមរយៈមាតិកាព័ត៌មានដែលផលិតឡើងដោយអ្នកសារព័ត៌មានជាច្រើនជុំវិញវិស័យហិរញ្ញវត្ថុ នឹងជាជំនួយស្មារតីដល់ប្រជាពលរដ្ឋក្នុងការយល់ដឹងពីសិទ្ធិប្រើប្រាស់ ជ្រើសរើស ចរចា និងប្រាស្រ័យទាក់ទងទៅនឹងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ”

 

ស្របគ្នានេះដែរ តំណាងសមាគមធនាគារនៅកម្ពុជា ក៏បានឱ្យដឹងទៀតថា វិស័យធនាគារ និងហិរញ្ញវត្ថុ និងវិស័យសារព័ត៌មាន នឹងបង្កើនកិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើងបន្ថែមទៀត ដើម្បីចូលរួមចំណែកផ្សព្វផ្សាយ បង្កើតមាតិកា ព្រមទាំងព័ត៌មានឱ្យបានច្រើនអំពីតថភាពនៃវិស័យធនាគារ និងហិរញ្ញវត្ថុដើម្បីជាឧត្តមប្រយោជន៍ដល់សារធារណជន។

 

 

កម្មវិធីប្រឡងប្រជែងនិពន្ធអត្ថបទសារព័ត៌មានស្តីពី ការចូលរួមចំណែករបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងការលើកស្ទួយជីវភាពប្រជាជនកម្ពុជា បានបង្កើតឡើងដើម្បីចូលរួមចំណែក ទី១. លើកកម្ពស់ការយល់ដឹងពីវិស័យហិរញ្ញវត្ថុ និងបង្កើនកិច្ចសហប្រតិបត្តិការកសាង ឬបង្កើតប្រភពព័ត៌មានដែលគួរឱ្យទុកចិត្តរវាងវិស័យហិរញ្ញវត្ថុ និងអ្នកសារព័ត៌មាន។ ទី២. ចែករំលែកបទពិសោធន៍ផ្ទាល់របស់អ្នកជំនាញក្នុងការពង្រឹងការប្រាស្រ័យទាក់ទងគ្នាឱ្យមានប្រសិទ្ធភាពខ្ពស់រវាង វិស័យព័ត៌មាន និងវិស័យហិរញ្ញវត្ថុ និងទី៣. កសាងបណ្តាញទំនាក់ទំនងបន្ថែមរវាង ធនាគារិក និង អ្នកសារព័ត៌មាន។

 

សូមជម្រាបដែរថា កម្មវិធីប្រកាសលទ្ធផលអ្នកសារព័ត៌មានឆ្នើមដែលចងក្រងអត្ថបទ ស្តីពីចំណេះដឹងហិរញ្ញវត្ថុ បានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានក្លឹបអ្នកកាសែតកម្ពុជា តំណាងធនាគារជាតិ ព្រមទាំងតំណាងស្ថាប័ននិងសមាជិកសមាគមធនាគារនៅកម្ពុជា សមាគមគមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងអ្នកចូលរួមសរុបជាង ១០០នាក់៕

 

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន