អ្នកជំនាញ ៖ យុវជនជាផ្នែកសំខាន់លើកកម្ពស់ប្រព័ន្ធស្បៀងដើម្បីរបបអាហារសុខភាព

ថ្ងៃសុក្រ ទី២១ ខែមករា​ ឆ្នាំ២០២២      ម៉ៅ សំណាង
ចែករំលែក
Views: 635
1

ភ្នំពេញ - អង្គការ Helen Keller អន្តរជាតិ កម្ពុជា បានបង្កើតគម្រោងយុវជនជើងឯកអាហារូបត្ថម្ភក្នុងគោលបំណង ផ្តល់ព័ត៌មាននិងចំណេះដឹងអំពីសារៈ​សំខាន់​នៃអាហារូបត្ថម្ភ របបអាហារសុខភាព សុវត្ថិភាពចំណីអាហារ និងរបៀបរស់នៅមានសុខភាពល្អទៅកាន់សាធារណជន ។ ស្របគ្នានេះអ្នកជំនាញផ្នែកអាហារូបត្ថម្ភបានបង្ហាញទស្សនៈជារួមថា យុវជនជាផ្នែកសំខាន់លើកកម្ពស់ប្រព័ន្ធស្បៀងដើម្បីរបបអាហារសុខភាពសម្រាប់ប្រជាជនកម្ពុជា ។ 

ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ មានប្រសាសន៍ថា យុវជនជាកម្លាំងចលករយ៉ាងសំខាន់និងជាធនធានមិនអាចខ្វះបានក្នុងការគាំទ្រសកម្មភាពស្បៀង និងអាហារូបត្ថម្ភ។ ពួកគេពោរពេញទៅដោយថាមពលខ្លាំងក្លា មានបញ្ញាស្មារតីវៀងវៃ និងសុខភាពបរិបូរណ៌ដែលជាគ្រឹះដ៍រឹងមាំសម្រាប់បន្តការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិទៅថ្ងៃអនាគត។

ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ មានប្រសាសន៍បញ្ជាក់ថា “៦៥ភាគរយនៃចំនួនប្រជាជនកម្ពុជាសរុប គឺជាយុវជនដែលមានអាយុក្រោមសាមសិបឆ្នាំ ។ យុវជនគឺជាក្រុមមនុស្សដ៏សំខាន់មួយសម្រាប់អន្តរាគមន៍អាហារូបត្ថម្ភក្នុងការបំបែកវដ្តបញ្ហាអាហារូបត្ថម្ភនៅកម្ពុជា” ។ 

ដោយឡែកលោកស្រីបណ្ឌិត Sanne Sigh តំណាងគម្រោង MUSEFO នៃអង្គការ GIZ មានប្រសាសន៍ថា យុវជនជាតួអង្គដ៏សំខាន់ជួយជំរុញការផ្លាស់ប្តូរនិងជាអ្នកដឹកនាំមិនអាចខ្វះបាន ដើម្បីលើកកម្ពស់ការយល់ដឹងលើអាហារប្រកបដោយសុខភាពនិងសុវត្ថិភាពសម្រាប់ទាំងអស់គ្នា ជាពិសេសស្រ្តីនិងកុមារ ។ យុវជនដើរតួសំខាន់ក្នុងប្រព័ន្ធស្បៀង និងរបបអាហារសុខភាពសម្រាប់ផែនទីបង្ហាញផ្លូវកម្ពុជា ស្តីពីប្រព័ន្ធស្បៀងប្រកបដោយចីរភាពឆ្នាំ២០៣០ ។

ស្របគ្នានេះដែរលោក ហ៊ូ ក្រើន ក្រើន នាយករងអង្គការ Helen Keller មានប្រសាសន៍ថា យុវជនកំពុងចូលរួមយ៉ាងសកម្មក្នុងវិស័យសង្គម វប្បធម៍ សេដ្ឋកិច្ច និងនយោបាយ ។ ទន្ទឹមគ្នានេះ នៅក្នុងបរិបទរបបអាហារសុខភាពវិញ យុវជនមានតួនាទីដ៏សំខាន់ក្នុងការចូលរួមផ្សព្វផ្សាយសារគន្លឹះដល់ប្រជាពលរដ្ឋទាំងអស់លើការអនុវត្តល្អប្រសើរប្រចាំថ្ងៃ ។

អ្នកជំនាញអាហារូបត្ថម្ភរូបនេះ បានបន្តថា យុវជនមានតួនាទីចូលរួមបង្ហាញពីរបៀបបរិភោគអាហារចម្រុះមុខសម្បូរសារជាតិចិញ្ចឹមខ្ពស់ទៅកាន់ប្រជាជន និងបង្ហាញពីសារៈសំខានអាហារមានជាតិខ្លាញ់ អំបិល និងស្ករតិច ព្រមទាំងលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយនិងអាហារបន្ថែមដល់កុមារ ។

កញ្ញា ឈុន បូរមី តំណាងក្រុមយុវជនជើងឯកអាហារូបត្ថម្ភ នៃអង្គការ Helen Keller បាននិយាយថា ក្រុមយុវជនជើងឯកអាហារូបត្ថម្ភ កំពុងធ្វើសកម្មភាពយ៉ាងសកម្មលើបណ្តាញសង្គម ដើម្បីផ្តល់ព័ត៌មានលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃអាហារូបត្ថម្ភ របបអាហារសុខភាព សុវត្ថិភាពចំណីអាហារ និងរបៀបរស់នៅមានសុខភាពល្អទៅកាន់សាធារណជន ។

យុវតីឆ្នើមផ្នែកអាហារូបត្ថម្ភរូបនេះ បានបន្ថែមថា ការបង្កើតក្រុមយុវជនជើងឯកអាហារូបត្ថម្ភឡើងក្នុង​បំណងបង្កើនសំឡេងយុវជនលើចំណេះដឹងនិងជំនាញអាហារូបត្ថម្ភ ដើម្បីក្លាយជាភ្នាក់ងារនិងកម្លាំងចលករសម្រាប់ការលើកកម្ពស់ប្រព័ន្ធស្បៀង សន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា ។

សូមជម្រាបថា ក្រុមយុវជនជើងឯកអាហារូបត្ថម្ភរបស់អង្គការ Helen Keller បានទទួលចំណេះដឹងមូលដ្ឋានអំពីអាហារូបត្ថម្ភ របបអាហារសុខភាព សុវត្ថិភាពចំណីអាហារ ការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ និងស្លាកសញ្ញាផលិតផលចំណីអាហារពីក្រុមអ្នកជំនាញពីក្រសួងស្ថាប័នពាក់ព័ន្ធ រួមមាន ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ នាយកដ្ឋានលើកកម្ពស់អាហារូបត្ថម្ភនៃក្រសួងផែនការ នាយកដ្ឋានឱសថ ចំណីអាហារ និងគ្រឿងសម្អាងនៃក្រសួងសុខាភិបាល កម្មវិធីជាតិអាហារូបត្ថម្ភនៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក អង្គការ Helen Keller គម្រោង MUSEFO និងសាកលវិទ្យាល័យ MSVU ប្រទេសកាណាដាជាដើម ៕

 

អត្ថបទពេញនិយម

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទលើកទឹកចិត្តឱ្យគ្រប់គ្នាគិតពីបរិក្ខាទឹកស្អាតនិងអនាម័យធន់នឹងការប្រែប្រួលអាកាសធាតុ

អង្គការ​​សំអា​តទន្លេសមុទ្រ តាំង​បង្ហាញស្នាដៃ​សិល្បៈដែល​កែច្នៃ​ពីសំ​រាម​ក្នុង​ទន្លេ

រដ្ឋម​ន្ត្រី​ប​រិស្ថា​ន​៖ កម្ពុជា​អាច​លក់​កាបូន​បាន ជារ​បត់ថ្មីមួយ​ដែល​អាចរ​កចំណូល​ពីការ​អភិរក្សធន​ធាន​ធម្មជាតិ

ក្រសួង​អភិវឌ្ឍន៍​ជនបទ រៀបចំការ​ប្រកួតប្រជែង​អត្ថបទ​លើប្រធានបទ ទឹកស្អាត អនាម័យ និងវិធី​បង្ការរោគ សម្រាប់​សិស្សថ្នាក់ទី​១២

សម្តេច​តេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តី​ការប​រទេស​អាស៊ាន បង្កើត​​កិច្ចព្រមព្រៀង​បៃតង​អា​ស៊ាន